MoU between Ministry of Environment and GGGI


ក្រុងកែប៖ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួង បរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងគម្រោងស្តីពី “ការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យវាយនភ័ណ្ឌនៅកម្ពុជា” រវាងក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)

ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន សហភាពអឺរ៉ុប សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អង្គការក្រុមថាមពលកកើតទ្បើងវិញ បរិស្ថាន និងសាមគ្គីភាព (GERES)សមាគមធនាគារកម្ពុជា (ABC) ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២  ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ទិនពន្លក បានលើកទ្បើងពីទំនោរ និងបរិបទថ្មីនៃជម្រើសថាមពល ដោយបានគិតគូរពី ការទាញយកនិងប្រើប្រាស់ថាមពលកកើតទ្បើងវិញ និងបង្កើតឱ្យមានប្រសិទ្ធភាពថាមពល ដើម្បីបម្រើឱ្យវិស័យឧស្សាហកម្មអេទ្បិត្រូនិច (ការផលិតយានយន្តអគ្គិសនី) ឧស្សាហកម្មរោចក្រកាត់ដេរ និងវិស័យអាទិភាពផ្សេងទៀតដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងនាម ក្រសួងបរិស្ថាន ក៏បាននិងកំពុងរៀបចំជាបទដ្ឋានគតិយុត្ត និងគោលនយោបាយ ដើម្បីបង្កើនភាពធន់នឹងកត្តាខាងក្រៅសម្រាប់កម្ពុជា (ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ...) ទាក់ទងនឹង ការអភិវឌ្ឍក្រុងនិរន្តរភាព ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំជាដើម។

កម្មវិធីនេះមានគោលបំណងដើម្បី៖ (១) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងខាងលើ (២) បង្កើតគណៈកម្មាធិការដឹកនាំគម្រោង ដើម្បីផ្តល់នូវទិសដៅយុទ្ធសាស្ត្រ និងពិនិត្យជារួមលើការអនុវត្តសកម្មភាពដែលត្រូវបានអនុវត្តដោយ ក្រុមការងារបច្ចេកទេស (៣) ធ្វើវឌ្ឍនភាពការងារនិងការបង្ហាញផែនការការងារលម្អិតសម្រាប់រយៈពេល ០២ឆ្នាំបន្ទាប់ (៤) ពិភាក្សាពីទិសដៅយុទ្ធសាស្ត្រដើម្បីបង្កើតឱ្យមាននូវលទ្ធផលប្រកបដោយផ្លែផ្កា (៥) លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងរយៈពេល ០២ឆ្នាំបន្ទាប់ (៦) ចែករំលែកគំនិតផ្តួចផ្តើមបៃតងថ្មីក្នុងការគាំទ្រដល់វិស័យឧស្សាហកម្មឆ្ពោះទៅរកឧស្សាហកម្មបៃតង។